042-941-481 / 042-941-918 · kape@kapekh.org

ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំនៅសាលាបឋមសិក្សាពោធិរាម្មា៖ ការបង្ហាញសមិទ្ធផលនៃការអប់រំឌីជីថលក្រោមការអន្តរាគមន៍ពីគម្រោង IDEAL

សាលាបឋមសិក្សាពោធិរាម្មាបានរៀបចំពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំរបស់ខ្លួនយ៉ាងអធិកអធម។ ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីគម្រោង "ការលើកកម្ពស់ការអប់រំផ្នែកឌីជីថលសម្រាប់អ្នកសិក្សាទាំងអស់ (IDEAL)" ដែលទទួលបានការគាំទ្រថវិកាពីអង្គការ ChorogUsan for Children និងអនុវត្តដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE)។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់ រួមមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា។

2026-07-07 · KAPE Cambodia

ខេត្តកណ្តាល៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សាលាបឋមសិក្សាពោធិរាម្មា ដែលស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល បានរៀបចំកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំរបស់ខ្លួនយ៉ាងអធិកអធម។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមការគាំទ្រពីគម្រោង "ការលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL)" ដែលទទួលបានជំនួយហិរញ្ញប្បទានពីអង្គការ ChorogUsan for Children និងប្រតិបត្តិដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) និងមានសិស្ស និងអាណាព្យាបាលចូលរួមសរុបចំនួន​ ៤០០នាក់។

 

ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ុន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា គម្រោង IDEAL នេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ដោយជួយគាំទ្រដល់សាលាគោលដៅចំនួន១២ ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់បន្ថែមថា សាលាបឋមសិក្សាពោធិរាម្មាទទួលបានការអភិវឌ្ឍយ៉ាងច្រើនតាមរយៈការកែលម្អបណ្ណាល័យ ការតភ្ជាប់បណ្តាញអ៊ីនធឺណិត និងការបំពាក់សម្ភារៈបច្ចេកវិទ្យាដូចជាកុំព្យូទ័រយួរដៃចំនួន៧គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយចំនួន៧គ្រឿង ទូរទស្សន៍ឆ្លាតវៃចំនួន១គ្រឿង និងថេប្លែតចំនួន៤០គ្រឿង។ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផល និងគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្ស ព្រមទាំងផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ថ្មីៗទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា ICT បញ្ញាសិប្បនិម្មិត (AI) និងការសិក្សាបែបឌីជីថល។

 

នៅក្នុងពិព័រណ៍នេះផងដែរ ក្លឹបសិក្សាចំនួន ៨ បានដាក់តាំងបង្ហាញនូវលទ្ធផលស្នាដៃដ៏លេចធ្លោរបស់ខ្លួន បន្ទាប់ពីទទួលបានការអន្តរាគមន៍ពីគម្រោង IDEAL។ ក្លឹបគេហៈកិច្ចបានបង្ហាញពីបំណិនជីវិត និងការរៀបចំផ្ទះសម្បែងប្រកបដោយអនាម័យ ខណៈដែលក្លឹបបណ្ណាល័យបានរំលេចនូវយុទ្ធសាស្ត្រជំរុញអំណាន និងការគ្រប់គ្រងសៀវភៅបានយ៉ាងល្អ។ ក្លឹបគណិតវិទ្យា និងក្លឹបភូមិវិទ្យា បានតាំងបង្ហាញនូវគម្រោងស្រាវជ្រាវ និងទម្រង់សិក្សាថ្មីៗដែលឆ្លុះបញ្ចាំងពីការយល់ដឹងស៊ីជម្រៅរបស់សិស្ស។ ដោយឡែក ក្លឹប ICT បានបញ្ចេញស្នាដៃទាក់ទងនឹងការយល់ដឹងផ្នែកឌីជីថល និងការដោះស្រាយបញ្ហាតាមបែបបច្ចេកវិទ្យា។ បន្ថែមពីនេះ ក្លឹបបំណិនកសិកម្មបានបង្ហាញពីបច្ចេកទេសដាំដុះនិងកសិកម្មបែបថ្មី ក្លឹបចំណីអាហារបានរៀបចំបង្ហាញពីសិល្បៈនៃការចម្អិននិងអាហារូបត្ថម្ភ ហើយក្លឹបរបាំបានបញ្ចប់ការតាំងបង្ហាញជាមួយនឹងទស្សនីយភាពសិល្បៈវប្បធម៌ដ៏រស់រវើក។ ការចូលរួមយ៉ាងសកម្ម និងការតាំងបង្ហាញរបស់ក្លឹបសិក្សាទាំងអស់នេះ គឺជាទុនដ៏សំខាន់សម្រាប់បន្តការសិក្សា អភិវឌ្ឍជំនាញឌីជីថល និងលទ្ធភាពការងារនាពេលអនាគត៕