
ការតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំនៅអនុវិទ្យាល័យ ហ៊ុនសែន ពោធិចិនតុង
សមិទ្ធផលទាំងអស់នេះមិនត្រឹមតែបង្ហាញពីការយល់ដឹងរបស់ពួកគេលើមុខវិជ្ជាស្នូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ថា ការធ្វើសមាហរណកម្មបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT) និងបច្ចេកវិទ្យាឌីជីថល ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការអប់រំ ពិតជាបានផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានបទពិសោធន៍ថ្មីៗទាក់ទងនឹងការរៀនសូត្របែបឌីជីថល។ ការអន្តរាគមន៍នៃគម្រោង IDEAL ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់វិស័យអប់រំ និងលើកកម្ពស់ការអប់រំស្ទែម (STEM) ដើម្បីឆ្លើយតបទៅនឹងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ (Industry 4.0) ព្រមទាំងរៀបចំយុវជនកម្ពុជាឱ្យមានភាពត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត។
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ អនុវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង បានរៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំយ៉ាងអធិកអធម ក្រោមបរិយាកាសពោរពេញដោយភាពច្នៃប្រឌិត និងការសាទរ។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលក្នុងនោះមានសិស្សសរុប ១១៥១នាក់ (សិស្សស្រីចំនួន ៥៧១នាក់) ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ ខេប លោកស្រី ទៀ វណ្ណរឿង ចៅសង្កាត់កាកាបទី១ លោកស្រី ជេត សោភ័ណ្ឌ អនុប្រធានការិយាល័យមធ្យមសិក្សា លោក ខេន សុឃាន់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោក អ៊ុក ចំរើន ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន លោកស្រី គង់ មេភូមិប៉ប្រកខាងត្បូង លោក អ៊ុំ ម៉ាលី នាយកអនុវិទ្យាល័យហ៊ុន សែនពោធិ៍ចិនតុង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សជាច្រើនរូបទៀត។ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃគម្រោងការលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) ដែលគាំទ្រថវិកាដោយអង្គការ ChorogUsan for Children និងអនុវត្តដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប)។
ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏មានសារៈសំខាន់មួយក្នុងការបង្ហាញពីសមិទ្ធផលនានា ដែលចេញពីគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សដែលបានខិតខំសិក្សាស្វែងយល់ពេញមួយឆ្នាំ ជាពិសេសបន្ទាប់ពីសាលាទទួលបានអន្តរាគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំពីគម្រោង IDEAL។ តាមរយៈគម្រោងនេះ អនុវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង ទទួលបានការកែលម្អបណ្ណាល័យ បន្ទប់កុំព្យូទ័រ ការតភ្ជាប់បណ្តាញអ៊ីនធឺណិត និងការបំពាក់សម្ភារៈបច្ចេកវិទ្យាទំនើបៗដូចជា កុំព្យូទ័រយួរដៃ ម៉ាស៊ីនបញ្ចាំងស្លាយ (LCD Projector) ទូរទស្សន៍ឆ្លាតវៃ និងថេប្លេតជាដើម ដែលសុទ្ធសឹងជាកាតាលីករជំរុញឱ្យមាននវានុវត្តន៍ផ្នែកអប់រំយ៉ាងលឿនរហ័ស។ ភាពជោគជ័យនេះក៏កើតចេញពីការយកចិត្តទុកដាក់បណ្តុះបណ្តាលលោកគ្រូអ្នកគ្រូឱ្យចេះគ្រប់គ្រងសម្ភារៈបច្ចេកវិទ្យា ចំណេះដឹងមូលដ្ឋានផ្នែកឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការបង្រៀនផងដែរ ។
ឆ្លុះបញ្ចាំងពីលទ្ធផលនៃការផ្លាស់ប្តូរមុខមាត់ថ្មីនេះ ស្នាដៃរបស់សិស្សានុសិស្សតាមក្លឹបនីមួយៗពិតជាគួរឱ្យស្ងើចសរសើរ និងបង្ហាញពីការរីកលូតលាស់នៃចំណេះដឹងយ៉ាងពិតប្រាកដ។ ជាក់ស្តែង មានក្លឹបសិស្សចំនួន ៨ ដែលបានធ្វើការរួមគ្នាដាក់តាំងបង្ហាញស្នាដៃ រួមមាន៖ ក្លឹបគណិតវិទ្យា ក្លឹបភាសាខ្មែរ ក្លឹបភាសាអង់គ្លេស ក្លឹបជីវៈវិទ្យា និងផែនដីវិទ្យា ក្លឹបរូបវិទ្យា-គីមី ក្លឹបប្រវត្តិ-ភូមិវិទ្យា និងក្លឹប ICT ដែលបានបង្ហាញពីសមត្ថភាពមូលដ្ឋានក្នុងការសរសេរកូដ ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់កម្មវិធីកុំព្យូទ័រយ៉ាងស្ទាត់ជំនាញ។
ជារួម ស្នាដៃទាំងអស់នេះមិនត្រឹមតែជាការបង្ហាញពីការយល់ដឹងលើមុខវិជ្ជាស្នូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ថា ការបញ្ចូលបច្ចេកវិទ្យា ICT និងឌីជីថល ពិសេសការប្រើប្រាស់ AI ក្នុងការអប់រំ ពិតជាបានផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ថ្មីៗទាក់ទងនឹងការសិក្សាបែបឌីជីថល ។ ការអន្តរាគមន៍របស់គម្រោង IDEAL សហការជាមួយក្រសួងអប់រំ និងមន្ទីរអប់រំ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណែទម្រង់វិស័យអប់រំ និងជំរុញការអប់រំស្ទែម (STEM) ដើម្បីឆ្លើយតបនឹងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ព្រមទាំងរៀបចំយុវជនកម្ពុជាឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត៕






