042-941-481 / 042-941-918 · kape@kapekh.org

ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំនៅអនុវិទ្យាល័យព្រែកដំបង៖ ការបង្ហាញសមិទ្ធផលនៃការអប់រំឌីជីថលក្រោមគម្រោង IDEAL

ព្រឹត្តិការណ៍ដែលមានអ្នកចូលរួមជាង ៣០០នាក់ រួមមានសិស្សានុសិស្ស និងមាតាបិតា នេះ បានដាក់តាំងបង្ហាញនូវស្នាដៃជាក់ស្តែងដ៏គួរឱ្យកត់សម្គាល់របស់ក្លឹបសិក្សាចំនួន៨ បន្ទាប់ពីសាលាទទួលបានការអភិវឌ្ឍយ៉ាងធំធេងលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបំពាក់សម្ភារៈបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលគ្រូបង្រៀន។ លោក ហ៊ីន ស៊ីមហួន នាយករងអង្គការខេប (KAPE) បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាព័ត៌មាន (ICT) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការអប់រំទំនើប ដោយលោកបានលើកឡើងថា ពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីសមត្ថភាពផ្នែកឌីជីថលដែលកំពុងរីកចម្រើនរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញការអប់រំស្ទែម (STEM) ឱ្យស្របតាមទិសដៅសេដ្ឋកិច្ចឌីជីថលនាពេលអនាគតរបស់ប្រទេសកម្ពុជាផងដែរ។

2026-07-04 · KAPE Cambodia

ខេត្តកណ្តាល៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ អនុវិទ្យាល័យព្រែកដំបង ស្ថិតក្នុងស្រុកមុខកំពូល បានរៀបចំកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំរបស់ខ្លួន ដែលមានសិស្ស និងអាណាព្យាបាលចូលរួមសរុបចំនួន ៣១២នាក់។ កម្មវិធីនេះមានការថ្លែងមតិសំណេះសំណាលពីសំណាក់លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ ខេប។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមការគាំទ្រពីគម្រោង "លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL)" ដែលទទួលបានទទួលជំនួយហិរញ្ញប្បទានពីអង្គការ ChorogUsan for children នៃប្រទេសកូរ៉េ និងប្រតិបត្តិផ្ទាល់ដោយអង្គការខេប។

អនុវិទ្យាល័យព្រែកដំបង គឺជាសាលាមួយក្នុងចំណោមសាលាគោលដៅទាំង១២ ដែលទទួលបានការគាំទ្រពីគម្រោង IDEAL តាមរយៈការកែលម្អបណ្ណាល័យ បន្ទប់កុំព្យូទ័រ ការតភ្ជាប់បណ្តាញអ៊ីនធឺណិត និងការទទួលបានសម្ភារបច្ចេកវិទ្យាទំនើបៗ រួមមាន៖ កុំព្យូទ័រយួរដៃចំនួន៧គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយចំនួន៧គ្រឿង ទូរទស្សន៍ឆ្លាតវៃចំនួន១គ្រឿង កុំព្យូទ័រលើតុ២៥គ្រឿង និងថេប្លែតចំនួន២៥គ្រឿង។ បន្ថែមពីលើការផ្តល់សម្ភារ លោកគ្រូអ្នកគ្រូ បណ្ណារក្ស និងគណៈគ្រប់គ្រងសាលាក៏ទទួលបានការបណ្តុះបណ្តាលលើជំនាញឌីជីថល ការគ្រប់គ្រងបណ្ណាល័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការបង្រៀនផងដែរ។

បន្ទាប់ពីទទួលបាន ការគាំទ្រពីគម្រោងរួចមក ពិព័រណ៍នេះបានបង្ហាញយ៉ាងច្បាស់ពីសមិទ្ធផល និងគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សដែលបានខិតខំសិក្សាស្វែងយល់ពេញមួយឆ្នាំ។ នៅក្នុងកម្មវិធីនេះ មានការដាក់តាំងបង្ហាញលទ្ធផលស្នាដៃយ៉ាងលេចធ្លោពីសំណាក់ក្លឹបសិក្សាទាំង ៨ ប្រចាំសាលា។ សម្រាប់ក្លឹបគេហៈកិច្ច សិស្សានុសិស្សបានបង្ហាញពីជំនាញជាក់ស្តែងក្នុងការច្នៃប្រឌិតមុខម្ហូប និងការរៀបចំសណ្តាប់ធ្នាប់រស់នៅ ខណៈដែលក្លឹបជីវៈវិទ្យា និងក្លឹបកសិកម្ម បាននាំយកនូវស្នាដៃនៃការដាំដុះរុក្ខជាតិ ក៏ដូចជាការពិសោធន៍ផ្សេងៗដែលផ្សារភ្ជាប់ទ្រឹស្តីវិទ្យាសាស្ត្រទៅនឹងការអនុវត្តកសិកម្មជាក់ស្តែង។ ទន្ទឹមនឹងនេះ ក្លឹបប្រវត្តិវិទ្យា និងក្លឹបភាសាខ្មែរ បានរៀបចំឯកសារស្រាវជ្រាវ ផ្ទាំងរូបភាព និងសំណៅឯកសារដែលរំលេចពីតម្លៃអក្សរសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ។ អ្វីដែលកាន់តែពិសេសនោះគឺ ក្លឹប ICT ក្លឹបភាសាអង់គ្លេស និងក្លឹបគណិតវិទ្យា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញពីសមត្ថភាពប្រើប្រាស់សម្ភារៈឌីជីថល និងបច្ចេកវិទ្យាដែលទទួលបានពីគម្រោងក្នុងការដោះស្រាយលំហាត់ស្មុគស្មាញ ស្រាវជ្រាវមេរៀនជាភាសាបរទេស និងអនុវត្តកម្មវិធីកុំព្យូទ័រផ្សេងៗប្រកបដោយភាពស្ទាត់ជំនាញ។

លោក ហ៊ិន ស៊ីមហួន បានមានប្រសាសន៍បញ្ជាក់ថា «ក្នុងសម័យកាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ការប្រើប្រាស់បច្ចេកវិទ្យា ICT និងឌីជីថល ជាពិសេស AI ក្នុងការអប់រំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជំរុញ និងលើកកម្ពស់ការអប់រំឌីជីថល និងការអប់រំស្ទែម (STEM) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថល កម្ពុជានៅពេលអនាគត»។

ការតាំងពិព័រណ៍ដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការបង្ហាញស្នាដៃប៉ុណ្ណោះទេ តែវាក៏បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការចែករំលែកបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា ICT បញ្ញាសិប្បនិម្មិត (AI) ក្លឹបសិក្សា និងការសិក្សាបែបឌីជីថលផងដែរ។ ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលសិស្ស ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ បានឃើញ និងរៀនសូត្រពីស្នាដៃរបស់កូន។ នេះគឺជាទុនដ៏សំខាន់ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីជំរុញការអប់រំឌីជីថល និងស្ទែម (STEM) ក្នុងការឆ្លើយតបទៅនឹងទិសដៅសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលអនាគត ព្រមទាំងផ្តល់លទ្ធភាពខ្ពស់សម្រាប់ការបន្តការសិក្សា ការអភិវឌ្ឍជំនាញ និងឱកាសការងាររបស់សិស្សានុសិស្សនៅថ្ងៃអនាគត៕