
ជំរុញការអប់រំឌីជីថល៖ វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលកម្រិតមធ្យមលើកទី៣ សម្រាប់លោកគ្រូអ្នកគ្រូនៃគម្រោង IDEAL
គម្រោង IDEAL ថ្មីៗនេះបានរៀបចំសិក្ខាសាលាអក្ខរកម្មឌីជីថលកម្រិតមធ្យមលើកទី៣ នៅអនុវិទ្យាល័យចតុមុខ ដោយបានបំពាក់បំប៉នលោកគ្រូ អ្នកគ្រូមកពីសាលាគោលដៅចំនួនប្រាំមួយ នូវជំនាញឌីជីថលចាំបាច់រួមមាន Canva, Google Drive និងការផលិតរូបភាព-វីដេអូតាមទូរសព្ទដៃ។ សម្របសម្រួលដោយអង្គការ ខេប វគ្គបណ្តុះបណ្តាលនេះជួយពង្រឹងសមត្ថភាពអ្នកអប់រំក្នុងការចងក្រងឯកសារសមិទ្ធផលសិស្ស គម្រោង STEM និងវឌ្ឍនភាពសាលារៀន។ តាមរយៈការស្ទាត់ជំនាញលើឧបករណ៍និទានរឿងបែបឌីជីថលទាំងនេះ លោកគ្រូ អ្នកគ្រូអាចលើកកម្ពស់តម្លាភាព ចែករំលែកសមិទ្ធផលអប់រំប្រកបដោយប្រសិទ្ធភាព និងពង្រឹងការចូលរួមពីមាតាបិតា ព្រមទាំងសហគមន៍។
គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) បានរៀបចំវគ្គបណ្តុះបណ្តាលអក្ខកម្មឌីជីថលកម្រិតមធ្យម លើកទី៣ នៅសាលាគោលដៅនៃអនុវិទ្យាល័យចតុមុខ ដែលមានវត្តមានចូលរួមពីលោកគ្រូអ្នកគ្រូអញ្ជើញមកពីសាលារៀនគោលដៅចំនួន៦។ គោលបំណងស្នូលនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីកសាងវប្បធម៌តម្លាភាព និងការចូលរួមពីគ្រូបង្រៀន។
នៅពេលដែលលោកគ្រូ-អ្នកគ្រូអាចកត់ត្រានូវភាពជោគជ័យរបស់សិស្សានុសិស្ស បង្ហាញគម្រោង STEM ប្លែកៗ និងចែករំលែកពីការរីកចម្រើននៃបណ្ណាល័យសាលា ពួកគាត់កំពុងបង្កើតតំណភ្ជាប់យ៉ាងជិតស្និទ្ធរវាងថ្នាក់រៀន និងសហគមន៍។ ការចងក្រងឯកសារជាទម្រង់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ ដើរតួជាផ្ទាំងទស្សនីយភាពមួយសម្រាប់មាតាបិតា និងអ្នកពាក់ព័ន្ធ ក្នុងការមើលឃើញយ៉ាងច្បាស់នូវវឌ្ឍនភាពនៃការអប់រំ និងការទទួលខុសត្រូវខ្ពស់។ នៅពេលដែលលោកគ្រូ-អ្នកគ្រូដែលទទួលបានការបណ្តុះបណ្តាលទាំងនេះ ត្រឡប់ទៅកាន់សាលារៀនរៀងៗខ្លួនវិញ ពួកគាត់នឹងនាំយកមកវិញនូវទំនុកចិត្តក្នុងការលើកកម្ពស់សម្លេងរបស់សិស្សានុសិស្ស។
គម្រោង IDEAL បានបោះជំហានទៅមុខប្រកបដោយផ្លែផ្កា ក្នុងការបំពាក់បំប៉នលោកគ្រូ-អ្នកគ្រូ នូវជំនាញសំខាន់ៗ រួមបញ្ចូលទាំង ការប្រើប្រាស់ពហុមុខងារកម្មវិធី Canva, Google Drive, WordClouds, ការថតរូប និងការផលិតវីដេអូតាមទូរស័ព្ទដៃ។ កម្មវិធីនេះផ្តួចផ្តើមឡើងដើម្បីលើកកម្ពស់សមត្ថភាពឯកទេស ហើយបានសម្របសម្រួលដោយមន្ត្រីបច្ចេកទេសរបស់អង្គការ ខេប។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានលក្ខណៈរស់រវើក សិក្ខាកាមបានស្វែងយល់អំពីគោលការណ៍គ្រឹះនៃការរៀបចំប្លង់ថត ការប្រើប្រាស់កាមេរ៉ាទូរសព្ទដៃ និងលំដាប់លំដោយប្លង់វីដេអូបែបភាពយន្ត។ កម្មវិធីនេះបានបង្ហាញថា រឿងរ៉ាវដ៏មានឥទ្ធិពល គឺអាចបង្កើតឡើងបានយ៉ាងងាយស្រួលនៅក្នុងដៃរបស់ពួកគាត់។ សិក្ខាកាមទាំងអស់បានអនុវត្តផ្ទាល់ក្នុងការប្រើប្រាស់មុំកាមេរ៉ា ការរៀបចំប្លង់ និងពន្លឺ ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង។ កម្មវិធីអក្ខរកម្មឌីជីថលនេះ ធានាថា រាល់សមិទ្ធផលធំៗដែលសម្រេចបាននៅក្រោមគម្រោង IDEAL នឹងត្រូវរក្សាទុកយ៉ាងស្រស់ស្អាត ទទួលបានការអបអរសាទរ និងចែករំលែកទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ដែលបង្កើតជាបណ្ណសារដ៏មានឥទ្ធិពលនៃភាពជោគជ័យក្នុងការសិក្សា និងឥទ្ធិពលវិជ្ជមានក្នុងសហគមន៍៕












