
ការប្រជុំឆ្លុះបញ្ចាំងដើម្បីលើកកម្ពស់ការប្រឹក្សាគរុកោសល្យនៅតាមសាលារៀន
ព្រឹត្តិការណ៍នេះផ្តោតលើការលើកកម្ពស់វិធីសាស្ត្របង្រៀនក្នុងយុគសម័យឌីជីថលនៅតាមសាលាគោលដៅ តាមរយៈការពិនិត្យឡើងវិញនូវសកម្មភាពកន្លងមក ការរៀបចំផែនការសម្រាប់ត្រីមាសបន្ទាប់ និងការចូលរួមធ្វើការងារជាក្រុម ដូចជាការបង្រៀនបង្ហាញ និងការបញ្ចូលយុទ្ធសាស្ត្រថ្មីៗជាដើម។ តាមរយៈការបំពាក់បំប៉នសមត្ថភាពដល់អ្នកតម្រង់ទិស ដើម្បីផ្តល់ការគាំទ្រផ្ទាល់ដល់លោកគ្រូអ្នកគ្រូឱ្យកាន់តែប្រសើរឡើង គម្រោងនេះមានគោលបំណងកសាងទំនុកចិត្តដល់អ្នកអប់រំ និងប្រែក្លាយថ្នាក់រៀនឱ្យទៅជាបរិយាកាសដ៏រស់រវើក ដែលជួយបង្កើនការចាប់អារម្មណ៍ និងការមកសិក្សាបានទៀងទាត់របស់សិស្សានុសិស្ស។ កិច្ចប្រជុំនេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំពីសំណាក់មន្ត្រីគម្រោងទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពខាងមុខឱ្យបានជោគជ័យ និងបន្តលើកស្ទួយគុណភាពអប់រំនៅកម្ពុជា។
ក្រុងកំពង់ចាម៖ នៅថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៦ គម្រោងកុមារកម្ពុជារីករាយប្រតិបត្តិដោយអង្គការ ខេប បានរៀបចំការប្រជុំឆ្លុះបញ្ចាំង និងកសាងសមត្ថភាពបុគ្គលិកផ្នែកគុណភាព ក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀនដល់លោកគ្រូអ្នកគ្រូស្របតាមយុគសម័យឌីជីថលតាមរយៈការគាំទ្រផ្នែកប្រឹក្សាគរុកោសល្យដល់សាលារៀនគោលដៅទាំងអស់របស់គម្រោង។
ការប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំក្រុមហ៊ុនធនធានអប់រំ (TTO) ក្រុងកំពង់ចាម ក្នុងគោលបំណងសំខាន់ៗចំនួន៤៖
ឆ្លុះបញ្ចាំងការអនុវត្តសកម្មភាពគម្រោងក្នុងខែមិថុនា និងរៀបចំផែនការសម្រាប់ខែកក្កដា។
ឆ្លុះបញ្ចាំងពីការអនុវត្តកម្មវិធីប្រឹក្សាគរុកោសល្យតាមសាលាគោលដៅនាពេលកន្លងមក។
កសាងសមត្ថភាពគ្រូប្រឹក្សាគរុកោសល្យលើផ្នែកបច្ចេកទេសបង្រៀន។
បង្ហាញអំពីផែនការសកម្មភាពសម្រាប់អនុវត្តក្នុងត្រីមាសទី៣ និងទី៤ ។
នៅក្នុងរយៈពេលពីរថ្ងៃដ៏មានសារៈសំខាន់នេះ អ្នកសម្របសម្រួលតំបន់ និងគ្រូប្រឹក្សាគរុកោសល្យមកពីតំបន់ទាំង៣ បានរួមគ្នាបង្ហាញរបាយការណ៍ ពិភាក្សា និងរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ អំពីចំណុចជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយនានា ។ លើសពីនេះ មន្ត្រីគ្រប់រូបបានចូលរួមយ៉ាងសកម្មក្នុងវគ្គកសាងសមត្ថភាព តាមរយៈកិច្ចការដៃគូដោយបានជ្រើសរើសលំនាំបង្រៀន ព្រមទាំងបញ្ចូលវិធីសាស្ត្រ និងយុទ្ធវិធីបង្រៀនថ្មីៗ មកធ្វើការឡើងបង្រៀនបង្ហាញ និងផ្តល់មតិត្រឡប់ឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងបច្ចេកទេសបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។
ការប្ដេជ្ញាចិត្ត និងការចុះគាំទ្របច្ចេកទេសផ្ទាល់ពីសំណាក់គ្រូប្រឹក្សាគរុកោសល្យ នាពេលកន្លងមកនេះ បានពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនទំនុកចិត្តដល់លោកគ្រូ-អ្នកគ្រូ ក្នុងការធ្វើការផ្លាស់ប្តូរ និងនវានុវត្តន៍វិធីសាស្ត្របង្រៀនថ្មីៗ ឱ្យស្របតាមបរិបទនៃការអប់រំឌីជីថល។ ជាងនេះទៅទៀត ការគាំទ្រនេះបានកែលម្អបរិយាកាសសិក្សាក្នុងថ្នាក់រៀនឱ្យកាន់តែមានភាពរស់រវើក ដែលជាកត្តាគន្លឹះក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ជម្រុញការផ្តោតអារម្មណ៍លើការរៀនសូត្រ និងលើកទឹកចិត្តពួកគេឱ្យមកសាលារៀនជាប្រចាំ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការបូកសរុប និងបិទអង្គប្រជុំដោយប្រធានគម្រោង។ ទន្ទឹមនឹងនេះ មន្ត្រីគម្រោងទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តផែនការសកម្មភាពត្រីមាសទី៣ និងទី៤ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕










