042-941-481 / 042-941-918 · kape@kapekh.org

ការពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំនៅសាលាបឋមសិក្សាព្រៃស្ពឺ

ការបង្ហាញសមិទ្ធផលការអប់រំឌីជីថល តាមរយៈការគាំទ្រ ពីគម្រោង IDEAL

2026-07-14 · KAPE Cambodia

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សាលាបឋមសិក្សាព្រៃស្ពឺ ដែលស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានរៀបចំកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំរបស់ខ្លួនយ៉ាងអធិកអធម។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ក្រោមការគាំទ្រពីគម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) ទទួលបានជំនួយហិរញ្ញប្បទានពីអង្គការ ChorogUsan for children និងប្រតិបត្តិដោយអង្គការខេប។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ២,៣២៨នាក់ រួមមាន៖ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ លោកស្រីនាយិកា អាណាព្យាបាលសិស្ស ព្រះសង្ឃ និងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលនានា ដែលកើតចេញពីគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស បន្ទាប់ពីពួកគេបានសិក្សា និងស្វែងយល់ពេញមួយឆ្នាំសិក្សាកន្លងមក ដើម្បីដាក់បង្ហាញជូនមាតាបិតា អាណាព្យាបាល និងភ្ញៀវកិត្តិយសបានទស្សនា និងស្វែងយល់។

ការជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្នពីថ្នាក់ដឹកនាំសាលា លោកស្រី ហុក សាត នាយិកាសាលាបឋមសិក្សាព្រៃស្ពឺ បានមានប្រសាសន៍ថា «ឆ្នាំនេះគឺជាឆ្នាំទីពីរហើយ ដែលសាលាបានរៀបចំកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្ស។ កម្មវិធីនេះជាឱកាសដ៏វិសេសវិសាលសម្រាប់សិស្សានុសិស្ស ក្នុងការបង្ហាញសមត្ថភាព បទពិសោធន៍ និងទំនុកចិត្តលើខ្លួនឯង ព្រមទាំងជំរុញឱ្យមានការចូលរួមពីសហគមន៍ មាតាបិតាសិស្ស និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំ ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព»។

ការតាំងពិព័រណ៍ស្នាដៃសិស្សនេះ គឺជាលទ្ធផលផ្លែផ្កាដែលទទួលបានពីការផ្ដួចផ្ដើមបង្កើតឱ្យមានក្លឹបសិក្សានៅតាមសាលារៀន។ តាមរយៈក្លឹបសិក្សាទាំងនេះ សិស្សានុសិស្សបានសហការគ្នា ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងបង្កើតជាស្នាដៃបច្ចេកវិទ្យា ក៏ដូចជាគំនិតច្នៃប្រឌិតផ្សេងៗយកមកដាក់តាំងបង្ហាញ រួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ក្នុងការអប់រំ ការសិក្សា និងស្វែងយល់អំពីបញ្ញាសិប្បនិម្មិត (AI) និងការសិក្សាបែបឌីជីថល ព្រមទាំងការអនុវត្តជាក់ស្ដែង។

ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការខេប បានមានប្រសាសន៍ថា «IDEAL ជាគម្រោងមួយដែលមានទិសដៅស្របគ្នាទៅនឹងសាលារៀនជំនាន់ថ្មី គឺការគាំទ្រសាលារៀនដោយផ្តោតលើការបញ្ចូលបច្ចេកវិទ្យាទៅក្នុងការអប់រំ។ វិធីសាស្ត្រនេះជួយឱ្យសាលារៀនផ្លាស់ប្តូរទម្លាប់បង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព លើកកម្ពស់ការអប់រំឌីជីថល និងការអប់រំស្ទែម (STEM) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជានៅពេលអនាគត។ បន្ថែមពីនេះ ការចូលរួមចំណែកពីមាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ ក្នុងការគាំទ្រកូនៗក៏ដើរតួនាទីយ៉ាងសំខាន់ក្រៅពីសាលារៀនផងដែរ»។

នៅក្នុងការដាក់តាំងពិព័រណ៍នេះ ក្លឹបសិក្សាចំនួន ៧ បានដាក់តាំងបង្ហាញនូវលទ្ធផលស្នាដៃយ៉ាងសកម្ម បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោង IDEAL រួមមាន៖

១. ក្លឹប ICT៖ ផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធព័ត៌មានវិទ្យា ដែលអនុញ្ញាតឱ្យសិស្សរៀនប្រើប្រាស់កុំព្យូទ័រ កម្មវិធីបច្ចេកវិទ្យា និងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត។

២. ក្លឹបភាសាខ្មែរ៖ ផ្តោតលើការលើកកម្ពស់អក្សរសាស្ត្រជាតិ តាមរយៈការហ្វឹកហាត់អាន តែងសេចក្តី និពន្ធកំណាព្យ និងការនិយាយជាសាធារណៈ ដែលជួយឱ្យសិស្សានុសិស្សយល់ដឹងកាន់តែស៊ីជម្រៅពីវប្បធម៌ ប្រើប្រាស់ភាសាជាតិបានត្រឹមត្រូវ ច្បាស់លាស់ និងបង្កើនភាពក្លាហានក្នុងការប្រាស្រ័យទាក់ទង។

៣. ក្លឹបបណ្ណាល័យ៖ ផ្តោតលើការគ្រប់គ្រងសៀវភៅ ការរៀបចំសកម្មភាពអាន និងការបណ្តុះទម្លាប់ស្រឡាញ់ការអានក្នុងចំណោមសិស្សានុសិស្ស ដែលជួយឱ្យពួកគេបង្កើតទម្លាប់ស្វ័យសិក្សា ពង្រីកចំណេះដឹងទូទៅ និងចេះទុកដាក់ឯកសារមានរបៀបរៀបរយ។

៤. ក្លឹបគណិតវិទ្យា៖ ផ្តោតលើការដោះស្រាយលំហាត់ ការគណនា និងការលេងល្បែងប្រាជ្ញាបែបតក្កវិទ្យា ដែលជួយឱ្យសិស្សអភិវឌ្ឍខួរក្បាល គិតលេខបានរហ័ស និងបង្កើនសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានាដោយប្រើហេតុផល។

៥. ក្លឹបសិល្បៈ៖ រួមបញ្ចូលទាំងសិល្បៈគំនូរ តន្ត្រី របាំ និងការច្នៃប្រឌិតផ្សេងៗ ដែលបើកឱកាសឱ្យសិស្សបានបញ្ចេញទេពកោសល្យពីកំណើត កាត់បន្ថយភាពតានតឹងពីការសិក្សា និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌សិល្បៈទាំងបុរាណ និងសម័យ។

៦. ក្លឹបវិទ្យាសាស្ត្រ៖ ផ្អែកលើការធ្វើពិសោធន៍ជាក់ស្តែង ការសង្កេតបាតុភូតធម្មជាតិ និងការស្វែងយល់ពីមូលដ្ឋានគ្រឹះនៃមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឱ្យសិស្សយល់ដឹងពីទ្រឹស្តីមេរៀនកាន់តែច្បាស់តាមរយៈការអនុវត្តផ្ទាល់ និងបណ្តុះស្មារតីជាអ្នកវិទ្យាសាស្ត្រវ័យក្មេង។

៧. ក្លឹបបំណិនជីវិត៖ ផ្តោតលើការបង្រៀនជំនាញអនុវត្តជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការដាំដុះបន្លែបង្ការ ការធ្វើម្ហូបអាហារ ការដេរ ប៉ាក់ និងការកែច្នៃសម្ភារៈប្រើប្រាស់ឡើងវិញ។ ជំនាញទាំងនេះជួយឱ្យសិស្សមានឯករាជ្យភាព អាចរស់នៅ និងដោះស្រាយបញ្ហាជីវភាពដោយខ្លួនឯងបាននាពេលអនាគត ព្រមទាំងយល់ដឹងពីតម្លៃនៃពលកម្ម។

ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសយ៉ាងទូលំទូលាយដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការផ្លាស់ប្ដូរ ចែករំលែក ក៏ដូចជាទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក លើការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថលក្នុងការអប់រំ។

ចំណេះដឹង បទពិសោធន៍ និងស្នាដៃដែលសិស្សានុសិស្សទទួលបានពីការចូលរួមក្នុងក្លឹបសិក្សា និងការតាំងពិព័រណ៍នេះ គឺជាទុនដ៏មានសារៈសំខាន់បំផុតសម្រាប់ពួកគេក្នុងការបន្តការសិក្សា អភិវឌ្ឍជំនាញឌីជីថលឱ្យកាន់តែរីកចម្រើន និងបង្កើតលទ្ធភាពទទួលបានឱកាសល្អៗសម្រាប់ខ្លួនឯងនាពេលអនាគត៕