
ដំណើររឿងជោគជ័យនិងករណីសិក្សាស្តីពីការផ្លាស់ប្តូរការអប់រំតាមបែបឌីជីថល
អ្នកគ្រូ ស៊ុម បុប្ផា គឺជាគ្រូបង្រៀនឯកទេសរូបវិទ្យាដែលមានអាយុ ២៤ ឆ្នាំ និងមានបទពិសោធន៍ក្នុងការផ្ទេរចំណេះដឹងចំនួន ៣ ឆ្នាំ ដែលបច្ចុប្បន្នកំពុងបំពេញភារកិច្ចបង្រៀនយ៉ាងសកម្មនៅអនុវិទ្យាល័យអរញ្ញរង្សី ស្ថិតក្នុងខេត្តសៀមរាប។ ក្នុងនាមជាគ្រូបង្រៀនវ័យក្មេងម្នាក់ដែលមានឆន្ទៈខ្ពស់ អ្នកគ្រូតែងតែប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ឱ្យស្របតាមតម្រូវការនៃការអប់រំបែបទំនើប។

នៅមុនពេលមានវត្តមានគម្រោងសាលារៀនជំនាន់ថ្មី ដែលហៅកាត់ថា គម្រោង NGSI របស់អង្គការ ខេប មិនទាន់បានឈានជើងមកដល់អនុវិទ្យាល័យអរញ្ញរង្សី ស្ថានភាពការបង្រៀននិងរៀននៅក្នុងសាលារៀននេះមានភាពខ្សត់ខ្សោយ និងជួបប្រទះនូវឧបសគ្គយ៉ាងខ្លាំង។ នាសម័យកាលនោះ សិស្សានុសិស្សទាំងអស់មានកង្វះខាតចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងមុខវិជ្ជាគណិតវិទ្យាយ៉ាងខ្លាំង ដែលធ្វើឱ្យការស្វែងយល់ពីមុខវិជ្ជារូបវិទ្យាជួបភាពទាល់ច្រក ពីព្រោះរូបវិទ្យាត្រូវការការគណនា និងការគិតបែបស៊ីជម្រៅ។ មិនត្រឹមតែសិស្សានុសិស្សនោះទេ សូម្បីតែខ្លួនអ្នកគ្រូ ស៊ុម បុប្ផា ផ្ទាល់ ក៏នៅមិនទាន់មានការយល់ដឹងច្បាស់លាស់ស៊ីជម្រៅ អំពីវិធីសាស្ត្របង្រៀនបែបទំនើបៗឱ្យបានទូលំទូលាយនៅឡើយដែរ។ ការបង្រៀននាកាលនោះ គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការអានសៀវភៅពុម្ព និងការទន្ទេញទ្រឹស្តីរូបមន្តដែលមិនមានសម្ភារឧបទេសគ្រប់គ្រាន់សម្រាប់ធ្វើការពិសោធន៍ជាក់ស្តែងឡើយ ដែលកត្តានេះធ្វើឱ្យសិស្សមានអារម្មណ៍ធុញទ្រាន់ រៀនយឺត និងមិនអាចមើលឃើញពីទំនាក់ទំនងរវាងទ្រឹស្តីក្នុងថ្នាក់រៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃបាន។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពដ៏លំបាកទាំងអស់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង ក្រោយពេលដែលមានការអន្តរាគមន៍ជាយុទ្ធសាស្ត្រពីគម្រោងសាលារៀនជំនាន់ថ្មី។ គម្រោងនេះបានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង និងគ្រប់ជ្រុងជ្រោយ រាប់ចាប់តាំងពីការគាំទ្រផ្នែកបច្ចេកទេស តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្រៀនបែបវិទ្យាសាស្ត្រទំនើបៗនៅខេត្តកំពង់ចាម ដែលសម្របសម្រួលដោយអង្គការ ខេប។ បន្ថែមលើបច្ចេកទេស គម្រោងក៏បានផ្តល់នូវការគាំទ្រផ្នែកសម្ភារៈទំនើបៗ ឧបករណ៍បច្ចេកវិទ្យាសម្រាប់ការសិក្សា ព្រមទាំងការឧបត្ថម្ភថវិកាយ៉ាងទូលំទូលាយសម្រាប់ការរៀបចំថ្នាក់រៀន និងការគាំទ្រផ្នែកស្មារតីយ៉ាងកក់ក្តៅដល់លោកគ្រូអ្នកគ្រូ។ ការទទួលបានការបណ្តុះបណ្តាលនេះ ត្រូវបានអ្នកគ្រូ បុប្ផា ចាត់ទុកថាជា របកគំហើញថ្មី ដ៏មានតម្លៃបំផុតសម្រាប់ជីវិតជាគរុនិស្សិត និងជាគ្រូបង្រៀន ពីព្រោះវាបានបើកបង្ហាញនិងពន្យល់យ៉ាងក្បោះក្បាយនូវយុទ្ធវិធីបង្រៀនជាច្រើនដែលអ្នកគ្រូធ្លាប់បានជួបប្រទះពីមុន ប៉ុន្តែមិនដែលយល់ច្បាស់ពេញលេញ។ ក្រោយមក អ្នកគ្រូបានបន្តស្រាវជ្រាវរៀនសូត្របន្ថែមពីការប្រើប្រាស់កម្មវិធីរចនា និងការបង្កើតមេរៀន ហើយអ្នកគ្រូបានរកឃើញមុខងារសិក្សាជាច្រើននៅក្នុងកម្មវិធីនោះ ដែលមានអត្ថប្រយោជន៍លើសពីអ្វីដែលវគ្គបណ្តុះបណ្តាលបានបង្ហាញទៅទៀត។ បន្ទាប់មក អ្នកគ្រូបានយកចំណេះដឹងទាំងនេះទៅផ្ទេរ និងបង្រៀនសិស្សានុសិស្សផ្ទាល់នៅក្នុងថ្នាក់រៀន រហូតធ្វើឱ្យសិស្សមានការវិវឌ្ឍខ្លួនយ៉ាងលឿនលើការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតមកជំនួយដល់ការសិក្សា។ ពួកគេថែមទាំងមានភាពឆ្លាតវៃក្នុងការសរសេរសមីការគណិតវិទ្យានិងរូបវិទ្យាស្មុគស្មាញនៅក្នុងកម្មវិធីរចនានោះទៀតផង ដែលធ្វើឱ្យការសិក្សាមានភាពរលូន និងងាយស្រួលជាងមុន។
ផលជះវិជ្ជមានដ៏ធំធេងនៃការប្រើប្រាស់សម្ភារឧបទេស និងបច្ចេកវិទ្យាដែលទទួលបានពីគម្រោង គឺការបំប្លែងការអប់រំពីការទន្ទេញទ្រឹស្តីមេរៀនមករកការអនុវត្តជាក់ស្តែង ដែលជួយផ្សារភ្ជាប់ទ្រឹស្តីរូបវិទ្យាទៅនឹងការដោះស្រាយបញ្ហាក្នុងជីវិតរស់នៅជាក់ស្តែងរបស់សិស្ស។ បច្ចេកវិទ្យាទាំងនេះបានជួយអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ របស់សិស្សានុសិស្ស ដូចជាការគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការសហការគ្នាជាក្រុម ព្រមទាំងអនុញ្ញាតឱ្យអ្នកគ្រូអាចដើរតួជាអ្នកសម្របសម្រួលការរៀនសូត្រដ៏មានប្រសិទ្ធភាព និងគាំទ្រយ៉ាងពេញទំហឹងដល់ការវាយតម្លៃសមត្ថភាពសិស្សតាមស្តង់ដាអន្តរជាតិ។ ទោះបីជាអ្នកគ្រូមិនដែលជួបប្រទះបញ្ហាសិស្សបោះបង់ការសិក្សាក៏ដោយ ប៉ុន្តែអ្នកគ្រូធ្លាប់បានជួយលើកទឹកចិត្ត និងណែនាំសិស្សដែលមិនចេះ និងមិនដែលស្គាល់បច្ចេកវិទ្យាទាល់តែសោះ ឱ្យត្រឡប់មកមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលជំនួយដល់ការសិក្សាផ្ទាល់ខ្លួន។ ចំពោះមោទនភាព និងចក្ខុវិស័យទៅថ្ងៃអនាគត អ្នកគ្រូបានអភិវឌ្ឍខ្លួនពីគ្រូបង្រៀនបែបប្រពៃណីដែលផ្អែកលើទ្រឹស្តី មកជាអ្នកសម្របសម្រួលការអប់រំទំនើបដែលមានភាពជឿជាក់ក្នុងការដឹកនាំសិស្សធ្វើគម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថាស្ទែម។ ចំណែកឯសាលារៀនវិញ បានប្រែក្លាយទៅជាមជ្ឈមណ្ឌលសិក្សាដ៏ទំនើប ដែលផ្តល់ឱកាសឱ្យសិស្សបង្កើតគម្រោងជាក់ស្តែង និងចូលរួមការប្រកួតប្រជែងផ្សេងៗ ដែលនេះជាមោទនភាពដ៏ធំបំផុតរបស់សាលា។ ចំពោះការចែករំលែកបទពិសោធន៍ អ្នកគ្រូមានគម្រោងផ្សព្វផ្សាយចំណេះដឹងទាំងនេះ តាមរយៈការប្រជុំក្រុមប្រឹក្សាបច្ចេកទេសនៃសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជានៅក្នុងសាលា និងការចូលរួមធ្វើសិក្ខាលាថ្នាក់តំបន់ឬថ្នាក់ជាតិ ដូចដែលអ្នកគ្រូធ្លាប់មានឱកាសយកលទ្ធផលស្រាវជ្រាវទៅបង្ហាញនៅក្នុងសន្និបាតជាតិកាលពីពេលកន្លងទៅ។ អ្នកគ្រូបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការខេប និងម្ចាស់ជំនួយទាំងអស់ ដែលការឧបត្ថម្ភនេះមិនត្រឹមតែផ្លាស់ប្តូររូបរាងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែបានបើកឱកាសឱ្យកុមារនៅទីជនបទទទួលបានការអប់រំមានស្តង់ដាខ្ពស់ស្មើមុខស្មាមាត់នឹងសិស្សនៅទីក្រុង។
ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្ត និងទស្សនៈវិស័យរបស់អ្នកគ្រូ ស៊ុម បុប្ផា បានមានប្រសាសន៍យ៉ាងលម្អិតពឹស្ដារថា “ការអភិវឌ្ឍវិស័យអប់រំទាមទារឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត និងការបើកចិត្តទូលាយទទួលយកយោបល់គ្នាទៅវិញទៅមក។ បទពិសោធន៍យូរឆ្នាំ មិនមែនជាការធានានូវគំនិតស៊ីជម្រៅជានិច្ចនោះទេ អ្វីដែលសំខាន់គឺការចេះស្តាប់ និងរៀនសូត្ររួមគ្នា។ ទោះមានសម្ភារទំនើបកម្រិតណា បើគ្មានឆន្ទៈរៀនសូត្រពេញមួយជីវិតទេ លទ្ធផលក៏មិនអាចសម្រេចបានឡើយ។ ខ្ញុំសង្ឃឹមថា សាលាអនុវិទ្យាល័យអរញ្ញរង្សី នឹងក្លាយជាគំរូជំរុញឱ្យសាលាផ្សេងៗទៀតហ៊ានផ្លាស់ប្តូរ ដើម្បីរួមគ្នាកសាងធនធានយុវជនកម្ពុជាសម្រាប់យុគសម័យឌីជីថល”។
ទន្ទឹមនឹងនេះដែរ ដើម្បជាការដាស់តឿននិងផ្តល់ជាកម្លាំងចិត្តក្នុងទម្រង់ខ្លីខ្លឹម អ្នកគ្រូក៏បានមានប្រសាសន៍បន្ថែមទៀតថា “បច្ចេកវិទ្យា និងសម្ភារឧបទេសទំនើបគឺជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែបេះដូងពិតប្រាកដនៃការផ្លាស់ប្តូរការអប់រំ គឺស្ថិតនៅលើឆន្ទៈនៃការរៀនសូត្រពេញមួយជីវិតរបស់គ្រូ និងសិស្សដើម្បីឈានទៅរកសមភាពអប់រំរវាងទីក្រុងនិងជនបទ”។
ជាចុងក្រោយ គោលបំណងចម្បងរបស់អ្នកគ្រូគឺការឃើញសាលារបស់ខ្លួនក្លាយជាថ្នាលបណ្តុះបណ្តាលគំរូ និងចង់ឱ្យគ្រូបង្រៀនទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធដោយមិនប្រកាន់អាយុ ឬបទពិសោធន៍ ដើម្បីរួមគ្នាកសាងធនធានមនុស្សដែលមានសមត្ថភាពពេញលេញក្នុងការដឹកនាំប្រទេសជាតិក្នុងយុគសម័យឌីជីថល៕



